Cambodia

Cambodia
WELCOME TO A.L.C

Monday, July 23, 2018

កម្មវិធីមួយចំនួនរបស់អង្គការ អបស

អាគារសិក្សាអាឡូហា (Aloha Learning Center)
អង្គការ អ.ប.ស ត្រូវបានបង្កើតឡើង ក្នុងគោលបំណង រួមចំណែកក្នុងការអភិវឌ្ឍន៍ ចំណេះដឹង និង ផ្តល់ឳកាស ដល់យុវជនក្រីក្រ កុមារកំព្រា និង​កុមារងាយរងគ្រោះ ទទួលបាននូវចំណេះដឹង ជំនាញវិជ្ជាជីវៈ សម្រាប់អនាគត របស់ពួកគាត់ ក៏ដូចជារួមចំណែក ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។

អបស ជឿជាក់ថា ការអប់រំគឺជាកូនសោរ និង ជាប្រទីប ដែលអាចបំភ្លឺផ្លូវនរជនទាំងឡាយ អោយស្វែងរក សុភមង្គលនិង ទ្រព្យធន ក្នុងជីវិត។ ការបណ្តុះបណ្តាល នូវចំណេះដឹង និង ជំនាញ គឺជាការបង្រៀន អោយមនុស្សចេះស្ទូចត្រី និង ចេះគិតគូរពីការប្រើប្រាស់ធនធានដែលខ្លួនមាននៅពេលអនាគត។

កម្មវិធីដែល អង្គការ អបស បង្កើតឡើងរួមមាន៖
១- កម្មវិធីអប់រំក្នុងប្រព័ន្ធ៖ គ្រប់សិស្សានុសិស្ស ដែលស្ថិតក្រោមការជួយឧបត្ថម្ភពីអង្គការ ត្រូវតែបានចូលរៀន នៅសាលារៀនរដ្ឋ ដែលមានចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ តាមការកំណត់របស់ក្រសួងអប់រំ យុវជន និង កីឡា។
២-កម្មវិធីអប់រំបន្ថែម ឬ កម្មវិធីក្រៅប្រព័ន្ធ៖ កម្មវិធីនេះ អង្គការ អបស បានរៀបចំអោយមានការបណ្តុះបណ្តាលបន្ថែមនូវមុខវិជ្ជាចាំបាច់មួយចំនួនដូចជា៖

  1. ភាសារអន្តរជាតិ៖ កម្មវិធីនេះ ផ្តោតទៅលើភាសាចាំបាច់ ដែលមានដូចជា ភាសាអង់គ្លេស ភាសាបារាំង ភាសាចិន ភាសាជប៉ុន ភាសាថៃ។ល។ 
  2. ជំនាញកុំព្យូទ័រ៖ សិស្សានុសិស្ស ចាំបាច់ត្រូវសិក្សាកុំព្យូទ័រ និង បច្ចេកវិទ្យាមួយចំនួន ដែលចាំបាច់។ កម្មវិធីនេះមានចាប់ពីកម្រិតតំបូង រហូតដល់កម្មវិធី កម្រិតខ្ពស់ ដែលសិស្សានុសិស្ស អាចរៀនក្នុងសាលា របស់អង្គការ ឬ អាចស្នើសុំអាហារូបករណ៍ បន្ថែមនៅខាងក្រៅទៀតផង។ 
  3. ជំនាញសិល្បៈនិង​តូរតន្ត្រី៖​ អបស លើកទឹកចិត្ត អោយយុវជន និង កុមារ បានស្គាល់ពីវប្បធម៌ និង អរិយធម៌ របស់ខ្មែរ ដោយបង្កើតអោយមានកម្មវិធីអប់រំ អំពីសិល្បៈរបាំបូរាណខ្មែរ និង ភ្លេងបូរាណខែ្មរផងដែរ។ ជាងនេះទៅទៀត សិល្បៈតន្ត្រីសម័យ ក៏មានបង្កើតឡើងផងដែរ សម្រាប់យុវជនឬ កុមារណា ដែលមានបំណងចង់បានជំនាញទាំងនេះ។ 
  4. ជំនាញកសិកម្ម៖ ប្រទេសកម្ពុជា មានសក្កដានុពលខាងវិស័យកសិកម្ម។ យុវជន និង កុមារគោលដៅ របស់អង្គការ អបស មានឳកាសទទួលបានការសិក្សារជំនាញកសិកម្ម ពីគ្រូដែលមានបទពិសោធន៍ ក្នុងវិស័យកសិកម្ម មានដូចជា ការដាំដុះបន្លែសរីរាង្គ ការចិញ្ចឹមត្រី និង ការធ្វើជីកំប៉ុស្ត ជាដើម។​
  5. កាយវប្បកម្មនិង កីឡា៖ ដើម្បីភាពរឹងមាំ និងសិល្បៈនៃការការពារខ្លួន យុវជននិង សិស្សានុសិស្ស របស់ អបស អាចចូលរួមក្នុងការហ្វឹកហាត់ ក្បាច់គុណការ៉ាតេដូ ដើម្បីសុខភាព និង សុវត្ថិភាពទាំងអស់គ្នា។
  6. បំណិនជីវិត បំណិនជីវិតនៅអង្គការ អបស មានជាច្រើន ដូចជា ការរៀនធ្វើម្ហូប ការបោកគក់សម្លៀកបំពាក់ និង ការអ៊ុតសម្លៀកបំពាក់  ការជួសជុលសម្ភារៈក្នុងផ្ទះ និង ការថែទាំផ្សេងៗ។ល។
  7. ជំនាញទន់ផ្សេងៗ៖  ជាងនេះទៅទៀត អបស បង្កើតអោយមានកម្មវិធី រៀនសូត្រពីជំនាញទន់ជាច្រើន ដូចជា ការគិតបែបវិជ្ជមាន ការដឹកនាំ និងគ្រប់គ្រង ជំនាញរដ្ឋបាល និង លេខាធិការ ជំនាញចាត់ចែងហិរញ្ញវត្ថុ និង គណនេយ្យ ជំនាញពាណិជ្ជកម្ម និង ទីផ្សារ ។ល។
៣-ការថែទាំនិងចិញ្ចឹមកុមារ៖  អបស មានទទួលចិញ្ចឹមកុមារដែលគ្មានទីពឹង និង មានបំណងចង់បន្តការសិក្សា។ អង្គការមានអន្តេវាសិកដ្ឋាន ដែលអាចអោយកុមារស្នាក់នៅបានរហូតដល់១០០​នាក់។  ក្នុងការចិញ្ចឹមកុមារ អង្គការផ្គត់ផ្គង់អាហារបីពេលក្នុង១ថ្ងៃ មានសេវាសុខភាព សេវាប្រឹក្សាយោបល់ផ្លូវចិត្ត និង ការគាំពារមួយចំនួនទៀត ស្របតាមសិទ្ធិនិងសេរីភាពរបស់កុមារ និង បទដ្ឋានអប្បបរមាសម្រាប់ការថែទាំជំនួស កំណត់ដោយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ​និង អង្គការមូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមារ (Unicef)។
៤-ការគាំទ្រសហគមន៍៖  អបស ទទួលស្គាល់ថា​ ការគាំទ្រកុមារ តាមសហគមន៍ គឺជាជម្រើសដ៏ល្អមួយ។ ការដាក់កុមារនៅក្នុងមណ្ឌល គឺជាជម្រើសចុងក្រោយ​និងបណ្តោះអាសន្នតែប៉ុណ្ណោះ។​ អបស ពង្រីកការគាំទ្រ ដល់កុមារដែលរស់នៅតាមសហគមន៍ និង កំពុងប្រឈមនិង ការបោះបង់ចោលការរៀនសូត្រ ដោយសារកត្តាជីវភាព ឬ ភាពងាយរងគ្រោះជាដើម។

No comments:

Post a Comment

ALC Students and Staff got Jabs