អង្គការបណ្តុះបណ្តាលនៃក្តីស្រលាញ់ ប្រកាន់នូវគោលជំហរ ប្រកបដោយភាពម៉ឺងម៉ាត់ ក្នុងការជួយដល់ យុវជន និង កុមារក្រុមគោលដៅប្រកបដោយប្រសិទ្ធភាព និង និរន្តរភាពយូរអង្វែង។ កម្មវិធីកិសិកម្មខ្នាតតូចត្រូវបានបង្កើតឡើង ដោយឈរលើ មូលដ្ឋាន០៣គឺ៖
១- បន្លែសរីរាង្គដែលមានសុវត្ថិភាព៖ សម័យកាលជឿនលឿនមួយ ដែលសុខភាពប្រជាពលរដ្ឋត្រូវបានគម្រាមកំហែង ដោយសារការប្រកួតប្រជែងទីផ្សារគ្មានគោលការណ៍សុចរិត និងមនុស្សធម៌។ កសិករ និង ឈ្មួញបន្ថែមួយចំនួនធំ បានប្រើប្រាស់ សារធាតុគីមី (ជី)ដើម្បីបង្កើនទិន្នផល និង ថ្នាំគីមីដើម្បីរក្សាទុកឲ្យបានយូរនូវកសិផលរបស់ខ្លួន។ ពួកគេមិនបានគិតដល់ផលប៉ះពាល់សុខភាពអ្នកទទួលទានបន្លែឡើយ គឺគិតតែពីប្រយោជន៍ប្រាក់ចំណេញតែមួយមុខប៉ុណ្ណោះ។ អាស្រ័យហេតុនេះ ការផលិតបន្លែសរីរាង្គជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកទទួលទានបន្លែ។
២- ការកាត់បន្ថយចំណាយលើម្ហូបអាហារ៖ ចំណាយលើបន្លែសម្រាប់ម្ហូបអាហារ នៅក្នុងអង្គការបណ្តុះបណ្តាល ជាផ្នែក១យ៉ាងសំខាន់ផងដែរ។ ថ្វីត្បិតថ្លៃដើមផលិតខ្ពស់បន្តិច តែគឺអាចទទួលយកបាន។ អង្គការបានប្រើប្រាស់ របស់របរ ដែលមានស្រាប់នៅក្នុងទីតាំងរបស់អង្គការ ដូចជាកាកសំណល់សរីរាង្គពីរុក្ខជាតិជុំវិញ លាមកសត្វ និង កំលាំងពលកម្មដែលមានស្រាប់ ក្នុងការដាំដុះដំណាំដែលចាំបាច់។ជាងនេះទៅទៀត ការគ្រប់គ្រង វដ្តដំណាំ និង ការប្រើប្រាស់ថ្នាំផ្សំពីរុក្ខជាតិដើម្បីសម្លាប់សត្វល្អិត និងការថែទាំចាំបាច់សម្រាប់ដំណាំផ្សេងៗទៀតផង។